បើអាជីវកម្មទាំងអស់ទូទាត់ប្រាក់រៀល តើមានអ្វីអាចនឹងកើតឡើងសម្រាប់កម្ពុជា?

ការទូទាត់ប្រាក់ដុល្លារ នៅកម្ពុជានាពេលបច្ចុប្បន្ន ស្ទើរតែមានគ្រប់ទីកន្លែង នៅព្រះរាជាណាចក្រកម្ពុជា។ យោងតាម​មូលនិធិ​​រូបិយវត្ថុ​អន្តរជាតិ (IMF) នៅ​កម្ពុជា​ ប្រាក់ដុល្លារ​ត្រូវ​បានប្រើប្រាស់​រហូត​ទៅដល់​ប្រមាណ​ជា ៨០ភាគរយ នៃ​បរិមាណ​សាច់ប្រាក់​សរុប ដែល​ចរាចរ​នៅលើ​ទីផ្សារ។ ដូច្នេះ មានន័យថា ​រូបិយប័ណ្ណប្រាក់រៀល មានតែ ២០ភាគរយតែប៉ុណ្ណោះ ដែលត្រូវបានប្រើប្រាស់ និងចរាចរណ៍នៅលើទីផ្សារ។
ក្នុងបរិបទនេះ បើអាជីវករទាំងអស់នៅកម្ពុជា ងាកមកប្រើប្រាស់ដោយការទូទាត់ជាប្រាក់រៀលវិញ តើអាចនឹងមានអ្វីកើតឡើងសម្រាប់កម្ពុជា៖«ជួយលើកតម្កើងរូបិយប័ណ្ណជាតិ»
រូបិយប័ណ្ណជាតិ ពិតជាមាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ប្រជាជាតិ​មួយ។

ក្រៅ​ពី​តម្លៃ​ផ្នែក​សេដ្ឋកិច្ច រូបិយប័ណ្ណជាតិ មាន​អត្ថន័យ​ខាង​ផ្នែក​នយោបាយ ដែល​តំណាង​ឲ្យ​អធិបតេយ្យភា​ព​ជាតិ វប្បធម៌ និង​អរិយធម៌​ជាតិ ឯករាជ្យភាព​ជាតិ និង​ការ​លាតសន្ធឹង​នៃ​អំណាច​សេដ្ឋកិច្ច​របស់​រដ្ឋ ពោលគឺ រូបិយប័ណ្ណជាតិ ជានិមិត្តរូបដ៏សំខាន់មួយនៃអធិបតេយ្យជាតិ។

ជួយពន្លឿនកំណើនសេដ្ឋកិច្ចជាតិ ការទូទាត់រូបិយប័ណ្ណជាតិ ក៏ជាការទប់ស្កាត់នៃការលំហូរសាច់ប្រាក់ផងដែរ។ ម្យ៉ាងវិញទៀត ការ​ចាយលុយរៀល ដែល​ជា​រូបិយប័ណ្ណ​ជាតិ និង​ការ​គ្រប់គ្រង​នយោបាយ​រូបិយវត្ថុ​យ៉ាងពេញលេញ​ដោយ​ខ្លួនឯង វា​មិនត្រឹមតែ​ផ្តល់​ផលប្រយោជន៍​ដល់​សេដ្ឋកិច្ច​ ពោលគឺ ការជួយពន្លឿនសេដ្ឋកិច្ចជាតិ​តែប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​​មោទនភាព​របស់​ជាតិ​ខ្មែរ​ទាំងមូល​ផងដែរ។
យ៉ាងណាមិញ ​ការ​ចាយលុយ​ដុល្លារ ​វាក៏​ជួយ​សម្រួល​ដល់​កម្ពុជា ក្នុងការ​ធ្វើ​សមាហរណកម្ម ក្នុង​ពាណិជ្ជកម្ម​អន្តរជាតិ។ ដុល្លារ​អាមេរិក ដែល​ជា​រូបិយប័ណ្ណ​​​ដ៏​មាន​ស្ថិរភាព ​​បាន​ជួយ​កម្ពុជា​ឲ្យ​មាន​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និងបង្កើត​បរិយាកាស​ដែល​មាន​អំណោយ​ផល សម្រាប់​ការ​ធ្វើ​ជំនួញ។

ម្យ៉ាងវិញទៀត ដោយសារសេដ្ឋកិច្ចកម្ពុជានៅទាន់ខ្សោយនៅឡើយ ដូច្នេះចង់ឬមិនចង់ កម្ពុជាត្រូវតែបើកចំហរឲ្យមានការចរាចរណ៍ប្រាក់ដុល្លារ នៅលើទីផ្សារកម្ពុជា ដើម្បីទាក់ទាញអ្នកវិនិយោគិន ពោលគឺការចាយលុយ​ដុល្លារ ​​ធ្វើ​ឲ្យ​អ្នក​ជំនួញ​​អាច​កាត់បន្ថយ​ការចំណាយ ​ទៅលើ​ការ​ប្តូរ​ប្រាក់ រវាង​លុយរៀល និង​លុយដុល្លារ។
គួរជម្រាបថា ក្រោយពី​ទទួលបាន​ឯករាជ្យ​ពី​បារាំង​នៅ​ឆ្នាំ​ ១៩៥៣ កម្ពុជា​បាន​បង្កើត​ធនាគារកណ្តាល និង​បាន​បោះ​ផ្សាយប្រាក់​រៀល​ដោយ​ខ្លួនឯង។ ក៏ប៉ុន្តែ នៅពេលដែលរបប​ប្រល័យ​ពូជសាសន៍​ប៉ុល ពត បាន​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី ​១៧ ខែមេសា ឆ្នាំ​ ១៩៧៥ បាន​បំផ្លាញចោល​អ្វីៗ​ទាំងអស់ រួម​ទាំង​ប្រព័ន្ធ​រូបិយវត្ថុ និង​ហិរញ្ញវត្ថុ ពោល​គឺ ​បាន​លុបបំបាត់​លុយកាក់ ឬ​កម្មសិទ្ធិ​ស្រប​ច្បាប់​ផ្សេងៗ។
​ធនាគារជាតិ​នៃ​កម្ពុជា​ ​បាន​បោះ​រូបិយវត្ថុ​ជាតិ រៀល​ ឡើង​វិញ ​នៅ​ថ្ងៃទី​២០ ខែ​មីនា ឆ្នាំ ​១៩៨០ ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​ជាតិ​មាតុភូមិ និង​បង្ហាញ​ពី​អធិបតេយ្យភាព​ជាតិ​ខ្មែរ​នៅលើ​ឆាក​អន្តរជាតិ៕

ប្រភពពី៖ ពាណិជ្ជកម្ម​កម្ពុជា