មូលបត្រ​រាជរដ្ឋាភិបាល​កម្ពុជា​ នឹង​ចាប់​ផ្តើម​មាន​ជា​លើក​ទី​ ១ នៅ​ឆ្នាំ​ ២០១៨

រាជរដ្ឋាភិបាល​កម្ពុជា​មាន​ផែនការ​នឹង​បោះ​ផ្សាយ​មូលបត្រ​របស់​ខ្លួន​ជា​លើក​ដំបូង​បង្អស់​ក្នុង​អំឡុង​ពេល ២ ​ឆ្នាំ​ខាង​មុខ​នេះ​ដោយ​មាន​បំណង​ចង់​បង្កើន​​មូលនិធិ​សម្រាប់​ការ​អភិវឌ្ឍន៍​ប្រទេស និង​បើក​ផ្លូវ​សម្រាប់​មូលបត្រ​ក្រុមហ៊ុន​ឯកជន​ដែល​គេ​បាន​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាយូរ​មក​ហើយ​។ នេះ​ជា​សម្តី​របស់​អ្នក​អាជីព​មួយ​រូប​ខាង​ផ្នែក​ហិរញ្ញវត្ថុ​ផ្តល់​ទីប្រឹក្សា​ទៅ​លើ​បញ្ហា​ការ​ផ្តល់​ជូន​ជា​សាធារណៈ​។

មន្ត្រី​ផ្សារ​មូលបត្រ​កម្ពុជា​កំពុង​ពន្យល់​អំពី​អត្រា​ឡើង​ចុះ​នៃ​តម្លៃ​ភាគហ៊ុន

មន្ត្រី​ផ្សារ​មូលបត្រ​កម្ពុជា​កំពុង​ពន្យល់​អំពី​អត្រា​ឡើង​ចុះ​នៃ​តម្លៃ​ភាគហ៊ុន

មូលបត្រ​រាជរដ្ឋាភិបាល​នឹង​ប្រើប្រាស់​រូបិយប័ណ្ណ​ដុល្លារ​អាមេរិក និង​បោះ​ផ្សាយ​នៅលើ​ទីផ្សារ​មូលធន​របស់​ប្រទេស​ថៃ​ដែល​នឹង​ធ្វើ​ឲ្យ​វា​ទទួល​បាន​ការ​ចាប់អារម្មណ៍​ច្រើន​ជាង​មុន​ពី​សំណាក់​វិនិយោគិន​អន្តរជាតិ​ជា​ជាង​ការ​ដែល​ចាប់​បោះ​ផ្សាយ​វា​នៅ​លើ​ទីផ្សារ​មូលធន​ដែល​មិន​សូវ​ល្បី និង​មាន​ការ​អភិវឌ្ឍ​មាន​កម្រិត​របស់​ប្រទេស​កម្ពុជា​។

ក្រុមហ៊ុន ធ្វីន ផាញ ខុនសាល់ធីង (Twin Pine Consulting) ដែល​ជា​ក្រុមហ៊ុន​ប្រឹក្សា​ផ្នែក​ហិរញ្ញវត្ថុ​មាន​ទីតាំង​ដើម​នៅ​ទីក្រុង​បាងកក​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​តែងតាំង​ជា​អ្នក​គ្រប់គ្រង​ការ​បោះ​ផ្សាយ​មូលបត្រ​អន្តរជាតិ​របស់​ខ្លួន​ហើយ​ក្រុមហ៊ុន​នេះ​ក៏​បាន​នឹង​កំពុង​ធ្វើ​ការ​ដើម្បី​ឲ្យ​ទាន់​កាលបរិច្ឆេទ​ការ​បោះ​ផ្សាយ​នៅ​ឆ្នាំ​ ២០១៨​។ អេឌីសនស៊ីងសាចា (AdisornSinghsacha) នាយក​គ្រប់គ្រង​របស់​ក្រុមហ៊ុន​នេះ​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «គាត់​បាន​ឲ្យ​​យោបល់​ថា​គួរ​មាន​ការ​បោះ​ផ្សាយ​ខ្នាត​តូច​ជាង​នេះ​មួយ​ជា​មុន​សិន​ដើម្បី​សាកល្បង​ទីផ្សារ​»។

គាត់​បាន​និយាយ​ថា​៖ «​ពួក​យើង​មាន​គម្រោង​ចាប់ផ្តើម​ពី​តូច​ទៅ​ប្រហែល​ជា​ពី ១០០ ​លាន​ដុល្លារ​ទៅ​»​។

ព្រឹត្តិការណ៍​នេះ​នឹង​ក្លាយ​ជា​លើក​ទី​ ១ ដែល​ប្រទេស​កម្ពុជា​ផ្តល់​ឲ្យ​មាន​មូលបត្រ​រាជរដ្ឋាភិបាល​ដែល​ជា​ឧបករណ៍​បំណុល​មួយ​ដែល​ត្រូវ​បាន​បោះផ្សាយ​ចេញ​ដោយ​រដ្ឋបាល​ជាតិ​ក្នុង​គោលបំណង​រក​ប្រាក់​ដើម្បី​វិនិយោគ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​កម្មវិធី​សង្គម និង​ការ​ចំណាយ​ផ្សេងៗ​ទៀត​នៅ​ពេល​ប្រាក់​ដែល​បាន​មក​ពី​ពន្ធ​មិន​គ្រប់គ្រាន់​។

មូលបត្រ​ទាំង​នេះ​ដែល​ភាគច្រើន​ប្រើប្រាស់​រូបិយប័ណ្ណ​រឹង​ក្រៅ​ស្រុក​ភ្ជាប់​មក​ជាមួយ​នឹង​កាតព្វកិច្ច​ក្នុង​ការ​បង់​​ការ​ប្រាក់​រាល់​កាល​កំណត់​ណា​ម្តងៗ និង​​ការ​បង់​តម្លៃ​ចុះ​លើ​ប័ណ្ណ​នៅ​ឥណប្រតិទាន​។

លោក ចេយ៉ាន់ ម៉េណុន (Jayant Menon) អ្នក​សេដ្ឋកិច្ច​ជាន់​ខ្ពស់​សម្រាប់​ការ​សហការ​ពាណិជ្ជកម្ម​ប្រចាំ​តំបន់​នៅ​ឯ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​និយាយ​ថា​ការ​បោះពុម្ព​ផ្សាយ​មូលបត្រ​រាជរដ្ឋាភិបាល​ជា​លើក​ទី​ ១ គឺជា​ជំហាន​យ៉ាង​សំខាន់​មួយ​ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ផ្តាច់​ទម្លាប់​ការ​ពឹង​ផ្អែក​លើ​ជំនួយ​បរទេស​។

លោក​បាន​បន្ត​ទៀត​ថា ​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍​មួយ​នេះ​កំពុង​សោយសុខ​លើ​មូលនិធិ​ថោកៗ​ពី​អ្នក​ឧបត្ថម្ភ​ទ្វេភាគី និង​ពហុភាគី​របស់​ខ្លួន​តែ​កត្តា​នេះ​អាច​ផ្លាស់ប្តូរ​នៅ​ពេល​ខាង​មុខ​នេះ។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា​៖ «​ខណៈ​ពេល​ដែល​កម្ពុជា​កំពុង​បន្ត​ដំណើរ​ទៅ​កាន់​ការ​លូតលាស់​យ៉ាង​ឆាប់​រហ័ស​ប្រទេស​នេះ​ក៏​ត្រូវ​ត្រៀម​ខ្លួន​សម្រាប់​អនាគត​ដែល​ទីបំផុត​ខ្លួន​ត្រូវ​ពឹង​ផ្អែក​លើ​ប្រភព​មូលនិធិ​ផ្សេងៗ​ផង​ដែរ។ ដោយសារ​ហេតុ​នេះ​ហើយ​ការ​បោះ​ផ្សាយ​មូលបត្រ​រាជរដ្ឋាភិបាល​ជា​លើក​ទី​ ១ របស់​កម្ពុជា​នៅ​លើ​ទីផ្សារ​ប្រទេស​ថៃ​នៅ​ឆ្នាំ ២០១៨ ជា​ការ​អភិវឌ្ឍ​ដែល​​​គួរ​ទទួល​បាន​ការ​ស្វាគមន៍​មួយ»​។

លោក ម៉េណុន បាន​និយាយ​ទៀត​ថា​អត្ថប្រយោជន៍​របស់​បំណុល​រាជរដ្ឋាភិបាល​មិន​មាន​​ត្រឹម​តែ​មាន​មូលនិធិ​ប៉ុណ្ណោះ​ទេ​តែ​ការ​រៀបចំ​ខ្លួន​របស់​កម្ពុជា​ក្នុង​ការ​បោះផ្សាយ​មូលបត្រ​នេះ​នឹង​ជួយ​ធ្វើ​ឲ្យ​វិស័យ​ហិរញ្ញវត្ថុ​របស់​ប្រទេស​នេះ​មាន​សភាព​ស៊ីជម្រៅ​ជាង​មុន​ទៀត​។

លោក​មាន​ប្រសាសន៍​ថា​៖ «អត្ថប្រយោជន៍​រយៈពេល​វែង​បាន​មក​ពី​ការ​បង្កើត​គ្រឿង​ប្រដាប់ប្រដា ឬ​ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុ និង​ដំណើរការ​សិក្សា​ដែល​ទាក់ទង​នឹង​វា​ក៏​ដូចជា​ការ​ទទួល​បាន​មូលនិធិ​នោះ​ផង​ដែរ​»​។

ការ​សម្រេច​ចិត្ត​ក្នុង​ការ​ប្រមូល​មូលនិធិ​ដោយ​ប្រើប្រាស់​ទីផ្សារ​របស់​ប្រទេស​ថៃ​មាន​គោលបំណង​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​វិនិយោគិន​បរទេស​ជា​អតិបរមា​។ វា​ត្រូវ​បាន​​​ប្រព្រឹត្ត​ទៅ​តាម​គំរូ​មួយ​ដែល​ក្រុមហ៊ុន​ធ្វីនផាញ​បាន​ប្រើប្រាស់​ក្នុង​ការ​គ្រប់គ្រង​ការ​បោះ​ផ្សាយ​មូលបត្រ​រដ្ឋាភិបាល​ឡាវ​ចំនួន​ប្រាំ​ដែល​ក្នុង​ចំណោម​នោះ​មាន​បី​មូលបត្រ​ដែល​មិន​មាន​ការ​វាយតម្លៃ​។

លោក ស៊ីងសាចា បាន​ឲ្យ​ដឹង​ថា​៖ «​ដោយសារ​សន្ទនិយភាព និង​ការ​ចាប់​អារម្មណ៍​មាន​កម្រិត​របស់​ទីផ្សារ​មូលធន​កម្ពុជា​យើង​ឃើញ​ថា​ទីផ្សារ​របស់​ថៃ​ជា​កន្លែង​ល្អ​ក្នុង​ការ​បោះ​ផ្សាយ​មូលបត្រ​រាជរដ្ឋាភិបាល​»​។

លោក​បាន​រៀបរាប់​ពី​អត្ថប្រយោជន៍​ដូចជា ហេដ្ឋារចនាសម្ព័ន្ធ​គឺ​វិស័យ​ហិរញ្ញវត្ថុ​ដែល​មាន​ភាព​អភិវឌ្ឍន៍​ល្អ​ជាង​ជាមួយ​នឹង​និយតករ​ដែល​មាន​បទពិសោធ​ជាង​មាន​ជម្រៅ​ទីផ្សារ​ជ្រៅ​ជាង សន្ទនិយភាព​ធំ និង មាន​តម្លៃ​ដែល​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ជាង បើ​ប្រៀបធៀប​នឹង​ទីផ្សារ​អន្តរជាតិ​។

ខណៈ​ពេល​ដែល​ក្រុមហ៊ុន ធ្វីនផាញ បាន​ផ្តល់​ប្រឹក្សា​ឲ្យ​មាន​ការ​ប្រើប្រាស់​រូបិយបណ្ណ​បាត​​របស់​ថៃ​សម្រាប់​មូលបត្រ​ខ្លះ​របស់​ប្រទេស​ឡាវ​ដោយសារ​​ទំនាក់​ទំនង​ដ៏​ជិតស្និទ្ធ​រវាង​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​ពីរ​នេះ​បញ្ហា​សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​បាន​បង្កើន​ហានិភ័យ​នៅ​ក្នុង​ការ​ប្តូរ​ប្រាក់​នៃ​ការ​ប្រមូល​មូលនិធិ​ឆ្លង​ប្រទេស​។

លោក ស៊ីងសាចា បាន​និយាយ​ថា​៖ «​សម្រាប់​ប្រទេស​កម្ពុជា​ដោយសារ​ដុល្លារ​នីយកម្ម​របស់​ប្រទេស​នេះ​ខ្ញុំ​ផ្តល់​ប្រឹក្សា​ថា​គួរ​ប្រើប្រាស់​ដុល្លារ​អាមេរិក​សម្រាប់​មូលបត្រ​។ ពួក​​យើង​ផ្តល់​ប្រឹក្សា និង​អនុវត្តន៍​ការ​ប្រើប្រាស់​រូបិយប័ណ្ណ​ដុល្លារ​សម្រាប់​រដ្ឋាភិបាល​ឡាវ​កាលពី​ខែ​ធ្នូ ឆ្នាំ​មុន​។ មូលបត្រ​ស្រដៀង​គ្នា​នេះ​អាច​នឹង​សម [ជាមួយ​ប្រទេស​កម្ពុជា​] ​ជាង​»​។

ក្រុមហ៊ុន មូឌីស (Moody’s) ភ្នាក់ងារ​វាយតម្លៃ​អន្តរជាតិ​បាន​ចាត់​ថ្នាក់​ប្រទេស​កម្ពុជា​ជា​មូលបត្រ​រាជរដ្ឋាភិបាល B2 នៅ​ខែ​មីនា​ឆ្នាំ​ ២០១៤ ខណៈ​ពេល​ដែល Standard & Poor’s បាន​វាយតម្លៃ​មូលបត្រ​រាជរដ្ឋាភិបាល​របស់​ប្រទេស​នេះ​ជា​តម្លៃ B​។ ក៏​ប៉ុន្តែ​ការ​បោះ​ផ្សាយ​មូលបត្រ​រាជរដ្ឋាភិបាល​លើក​ទី​ ១ របស់​ប្រទេស​កម្ពុជា​អាច​នឹង​មិន​ត្រូវ​បាន​​គេ​វាយតម្លៃ​។

លោក ស៊ីងសាចា និយាយ​ថា​ការ​វាយតម្លៃ​ពី​មុន​មក​អាច​ផ្តល់​នូវ «​ចំណុច​ជា​សំអាង​មួយ​សម្រាប់​វិនិយោគិន​» ក៏​ប៉ុន្តែ​ រាជរដ្ឋាភិបាល​គួរ​ពិចារណា​ទៅ​លើ​ជម្រើស​ទាំង​ពីរ​នេះ​ឲ្យ​បាន​ល្អិតល្អន់​ជាង​នេះ​ទៅ​ទៀត​។

គាត់​បាន​មាន​ប្រសាសន៍​ថា៖ «​ប្រទេស​កម្ពុជា​មាន​ជម្រើស​ក្នុង​ការ​បោះពុម្ព​មូលបត្រ​ដែល​មិន​មាន​ការ​វាយតម្លៃ​ដែល​អាច​នាំ​ឲ្យ​មាន​មូលដ្ឋាន​វិនិយោគិន​ទាប​ជាង​មុន ឬ​ក៏​អាច​ចាត់​តាំង​ភ្នាក់ងារ​វាយតម្លៃ​ថៃ​មួយ​ឲ្យ​ធ្វើការ​វាយ​តម្លៃ និង​ទទួល​បាន​ទីផ្សារ​​ធំ​ជាង​មុន»។

លោក ស្វាយ ហៃ ប្រធាន និង​​នាយក​ប្រតិបត្តិ​របស់​ប័ណ្ណ​ធានា​នៃ​អេស៊ីលីដា​បាន​និយាយ​ថា​ការ​វាយ​តម្លៃ​គឺជា​រង្វាស់​ដ៏​សំខាន់​មួយ​ក្នុង​ការ​វាស់​តម្លៃ​ឥណទាន​របស់​មូលបត្រ​រាជរដ្ឋាភិបាល​មួយ​។ ការ​គ្មាន​ការ​វាយតម្លៃ​នឹង​នាំ​ឲ្យ​មូលបត្រ​នោះ​ថោក​ជាង​មុន​។

គាត់​បាន​បកស្រាយ​ថា​៖ «រង្វាស់​វាយតម្លៃ​របស់​មូលបត្រ​មួយ​បង្ហាញ​ពី​គុណភាព​ឥណទាន និង​កម្រិត​ហនិភ័យ​នៅពេល​ដែល​វា​មិន​អាច​បំពេញ​ករណីយកិច្ច​បាន​។ នៅ​ពេល​​ដែល​មូលបត្រ​មួយ​មិន​ត្រូវ​បាន​វាយតម្លៃ​វា​តែងតែ​ត្រូវ​គេ​លក់​ដោយ​បញ្ចុះ​តម្លៃ​»​។

បន្ថែម​ពី​លើ​នេះ​ទៅ​ទៀត​លោក ស៊ីងសាចា និយាយ​ថា​ដោយសារ​ហេតុផល​ទាំងនេះ​ការ​បោះ​ផ្សាយ​មូលបត្រ​រាជរដ្ឋាភិបាល​ជា​លើក​ទី​ ១ ដែល​អាច​នឹង​គ្មាន​ការ​វាយតម្លៃ​ប្រទេស​កម្ពុជា​គួរ​ដាក់​តម្លៃ​មូលបត្រ​របស់​ខ្លួន «​ឲ្យ​នៅ​ត្រឹម​អតិប្រមាណ​បន្តិច​» ដើម្បី​ទាក់ទាញ​វិនិយោគិន​។ ក្រុមហ៊ុន​ធ្វីន​ផាញ​បាន​ផ្តល់​ប្រឹក្សា​ថា​រាជរដ្ឋាភិបាល​គួរ​ផ្តល់​ឲ្យ​មាន​មូលបត្រ​ជាមួយ​នឹង​ខណ្ឌប័ណ្ណ​ដែល​មាន​អត្រា​ប្រមាណ​ពី ៥ ទៅ ៦ ភាគរយ និង​មាន​ឥណប្រតិទាន​ប្រហែល​ពី ៣ ទៅ ៥ ឆ្នាំ​។

លោក ស៊ីងសាចា បាន​និយាយ​ថា​៖ «​ខ្ញុំ​នៅ​តែ​ផ្តល់​ប្រឹក្សា​ឲ្យ​វា​មាន​ខ្សែ​ជីវិត​ខ្លី​ដោយសារ​កត្តា​នេះ​អាច [ទាក់ទាញ​] វិនិយោគិន​ច្រើន​ជាង​មុន​។ អត្រា​ខណ្ឌប័ណ្ណ​ដែល​គេ​រំពឹង​ទុក​នឹង​ត្រូវ​បាន​កំណត់​ដោយ​​ផ្អែក​ទៅ​លើ​ទីផ្សារ​នៅ​ពេល​ដែល​យើង​បើក​សម្ពោធ​»​។

ភាព​ជោគជ័យ​ក្នុង​ការ​បោះ​ផ្សាយ​មូលបត្រ​រាជរដ្ឋាភិបាល​លើក​ទី​ ១ នេះ​នឹង​អាច​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ឲ្យ​ក្រុមហ៊ុន​របស់​ប្រទេស​កម្ពុជា​បោះពុម្ព​មូលបត្រ​ក្រុមហ៊ុន​ដែល​នឹង​បំពាក់​ក្រុមហ៊ុន​ទាំង​នេះ​នូវ​ឧបករណ៍​ដ៏​សំខាន់​មួយ​ក្នុង​ការ​ប្រមូល​មូលធន​សម្រាប់​ការ​លូតលាស់​។

លោក ស៊ីងសាចា បាន​បន្ថែម​ថា​៖ «​នៅពេល​ដែល​រាជរដ្ឋាភិបាល​បាន​ត្រួសត្រាយ​ផ្លូវ​ហើយ​បង្កើត​រង្វាស់​មួយ​នោះ​វា​ផ្តល់​ភាព​ងាយ​ស្រួល​សម្រាប់​ក្រុមហ៊ុន​ក្នុង​ស្រុក​​ដែល​នាំ​មុខ​គេ​អាច​ធ្វើ​តាម​​ផង​ដែរ​។ ពួកគេ​នឹង​មាន​វិធី​ប្រើប្រាស់​ទីផ្សារ​មូលធន​អន្តរជាតិ និង​មាន​វិធី​ប្រមូល​មូលនិធិ​ដែល​មាន​ភាព​អភិវឌ្ឍ​ជាង​មុន​»៕

ប្រភពពី៖ ភ្នំពេញ​ប៉ុស្តិ៍